ក្ដួចនិងជីវិតរស់នៅរបស់ប្រជាជនខ្មែរ
១– សេចក្ដីផ្ដើម
ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានអាកាសធាតុក្ដៅហើយសើម ដែលជាកត្តាដ៏សំខាន់ដល់ការលូតលាស់នៃរុក្ខជាតិគ្រប់ប្រភេទ ។ ព្រៃឈើដែលគេឃើញមានដុះច្រើនជាងគេ គឺនៅតំបន់ខ្ពង់រាបតាមដងទន្លេមេគង្គ និងតំបន់ភ្នំ ។ ដោយសារកម្ពុជាយើង សម្បូរទៅដោយធនធានធម្មជាតិបែបនេះហើយ ទើបធ្វើអោយប្រជាជនខ្មែរយើងនៅសម័យដើម ច្រើនពឹងផ្អែកទៅលើធម្មជាតិសំរាប់ញ៉ាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនអោយប្រព្រឹត្តទៅបាន ដូចជា ចូលព្រៃកាប់ឈើយកមកសង់ផ្ទះ ធ្វើជាជំរក បេះផ្លែឈើ បន្លែ មើមដំឡូង មើមក្ដួច បរបាញ់សត្វព្រៃ ធ្វើជាចំណីអាហារតាមទំនៀមទំលាប់របស់ប្រជាជនខ្មែរ ។
ប៉ុន្តែសព្វថ្ងៃនេះ ការកាប់ព្រៃឈើ និងការបរបាញ់បំផ្លាញសត្វព្រៃត្រូវបានច្បាប់របស់រដ្ឋហាមឃាត់ព្រោះរបរទាំងនេះធ្វើអោយប៉ពាល់ដល់បរិស្ថានធម្មជាតិ ដែលធ្វើអោយប្រទេសកម្ពុជាជួបប្រទះនូវគ្រោះធម្មជាតិ មានភាពរាំងស្ងួតទឹកជំនន់ ។
កាលពីសម័យដើម ប្រជាជនខ្មែរ នៅពេលដែលជួបប្រទះគ្រោះទុរ្ភឹក្សបណ្ដាលមកពីសង្រ្គាម ភាពរាំងស្ងួត ទឹកជំនន់ ពួកគាត់តែងតែបបួលគ្នីគ្នាចូលព្រៃ ដើម្បីស្វែងរកបន្លែ ផ្លែឈើ មើមដំឡូង មើមក្ដួច យកមកច្នៃ និងចំអិនធ្វើជាចំណីអាហារ ។ បច្ចុប្បន្ន ប្រជាជនខ្មែរយើងមួយចំនួនមិនបានដឹងពីសារប្រយោជន៍នៃមើមក្ដួចថា អាចយកមកបរិភោគបណ្ដោះអាសន្ន នៅពេលជួបប្រទះគ្រោះទុរ្ភឹក្សនោះឡើយ ។
ដូចនេះ អត្ថបទនិយាយអំពីក្ដួច គឺចង់បង្ហាញអំពីទំនៀមទំលាប់របស់ខ្មែរសម័យដើមក្នុងការច្នៃមើមក្ដួច ដើម្បីយកមកចំអិនធ្វើជាចំណីអាហារជំនួសបាយ អង្ករ ព្រោះមើមក្ដួចសំបូរដោយម្សៅ សារជាតិអាមីដុង (Amidon ) ខ្ពស់អាចទ្រទ្រង់រូបរាងកាយដល់ប្រជាជនខ្មែរយើងបាន និងមានអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ព្រមទាំងបានបញ្ជាក់ពីទំនាក់ទំនងរបស់សហគមន៍ និងបរិស្ថានធម្មជាតិ ។
២– ទ្រង់ទ្រាយរក្ខជាតិក្ដួច
ទ្រង់ទ្រាយក្ដួច
ដើម ៖ ដើមរបស់ក្ដួចមានលក្ខណៈជាវល្លិមានបន្លាស្រួចៗ ដូចបន្លាត្រស់ ហើយមានថ្នាំង ដែលក្នុងថ្នាំង មានប្រវែងប្រហែលពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ។ នៅត្រង់ចំណុចថ្នាំងនីមួយៗ មានដុះចេញនូវស្លឹក និង ផ្កា ។ ដើមរបស់ក្ដួចមានពណ៌ពីរបែប ទី ១ ពណ៌ស្វាយក្រមៅ ប្រៀបដូចសំបកផ្លែទំពាំងបាយជូរព្រៃ ពណ៌នេះគឺគេសម្គាល់ថា ជាក្ដួចដំណើប ។ ទី ២ ពណ៌បៃតង គឺគេសម្គាល់ថាជាក្ដួចខ្សោយ ។
សន្លឹក ៖ ស្លឹករបស់ក្ដួចមានសណ្ឋានចែកជាបី ហើយស្រួចខងចុង និង មានទ្រនុងរឹងស្លឹករបស់ក្ដួចមានពណ៌បៃតង ហើយមានរោមខ្លីៗ និងមានក្លិនក្រពុល ។
ផ្កា ៖ ផ្ការបស់ក្ដួចវាដុះចេញពីថ្នាំងជាមួយស្លឹក ។ ផ្កានេះមានពណ៌ស រាងតូចល្អិត និងមានទងទ្រវែង ហើយមានក្លិន ក្រពុលស្រាល ។
ផ្លែ ៖ ផ្លែរបស់ក្ដួចមានទំរង់បីជ្រុង ប្រហាក់ប្រហែលផ្លែស្ពឺ ។ ផ្លែក្ដួចមានពណ៌បៃតង ។ ពេលផ្លែវាចាស់ វាប្ដូរទ្រង់ទ្រាយបះកន្ទុយឡើងលើ ។ ក្នុងមួយចង្កោមមានប្រមាណពី ១០ ទៅ ២០ ផ្លែ ។ ក្នុងផ្លែនីមួយៗ មានគ្រាប់សំប៉ែតៗចំនួន ៣ គ្រាប់ ពេលផ្លែក្ដួចទុំ វាផ្ទុះធ្លាក់គ្រាប់មកលើដី ។ នៅរដូវភ្លៀងធ្លាក់គ្រាប់នេះអាចដុះលុតលាស់បាន ។
មើម ៖ មើមរបស់ក្ដួចមានរាងមូល ខ្លះទ្រវែង ទៅតាមសណ្ឋានដី ដែលអំណោយផលដល់ការចុះមើម ។ សំបកមើមក្ដួចមានពណ៌គគីរស្រដៀងសំបកដំឡូង ដៃខ្លា មានឫសស្មេញស្មាញព័ទ្ធជុំវិញមើម ដូចជាឫសឫស្សី ។ ក្ដួចមានមើមព័ទ្ធជុំវិញដើម ក្នុងដើមមានមើមចំនួន ពី ១ ទៅ ៨ មើម ។ មើមនីមួយៗដុះចេញពីគល់តែមួយ ។ សាវ់មើមក្ដួចមានពីរប្រភេទ គឺសាច់ពណ៌លឿង និង ស ហើយមានក្លិនក្រពុល និងរមាស់ទៀតផង ។
២– ប្រភេទក្ដួច
ក្ដួចមានពីរប្រភេទ ៖
ក្ដួចខ្សោយ ៖ ដើមរបស់ក្ដួចខ្សោយមានពណ៌បៃតង ហើយធំជាងដើមក្ដួចដំណើប ។ ចំពោះសណ្ឋានស្លឹក គឺមានលក្ខណៈដូចគ្នា មិនថាដំណើប ឬ ខ្សោយឡើយ ។ មើមរបស់ក្ដួចខ្សោយមានសំបកពណ៌គគីរដូចក្ដួចដំណើបដែរ តែសាច់របស់មើមក្ដួចខ្សោយមានពណ៌ស ដូចសាច់ប៉ិគក់ ។
ក្ដួចដំណើប ៖ ដើមរបស់ក្ដួចដំណើបមានពណ៌ស្វាយក្រមៅ ដូចសំបកផ្លែទាំពាំងបាយជូព្រៃ។ មើមរបស់ក្ដួចដំណើបច្រើនតែចុះរាក់ៗឬ សើៗ មើលឃើញនៅលើដី ។ សំបករបស់ក្ដួចដំណើបដូចក្ដួចខ្សោយដែរ តែសាច់មើមក្ដួចដំណើបមានពណ៌លឿងខុសពីក្ដួចខ្សោយ ។
៣– តំបន់ដែលមានក្ដួច
ក– ទីកន្លែង ៖ ក្ដួចជារុក្ខជាតិវល្លិ គ្មានដៃនៅត្រង់ចំណុចថ្នាំង ដូចវល្លិននោងទេ ដូចនេះការដុះលូតលាស់របស់វា គឺវាអាស្រ័យពឹងពាក់ទៅលើរុក្ខជាតិផ្សេងៗ ដើម្បីងាយស្រួលដល់វល្លិរបស់វារុំព័ទ្ធ វារឡើងមែកឈើ ។ វល្លិរបស់វាព័ទ្ធពីឆ្វេងទៅស្ដាំ ។ រុក្ខជាតិក្ដួចគេឃើញមានដុះនៅតាមតំបន់ភ្នំតំបន់ព្រៃរបោះ និងនៅតាមតំបន់ខ្ពង់រាប ។ រុក្ខជាតិក្ដួចគេអាចយកមកដាំនៅក្បែររបងផ្ទះដែលមានទីខ្ពស់មិនលិចទឹក ។
ក្ដួចអាចដុះនៅតាមកន្លៀតថ្ម ឬដុះនៅលើដីបន្តិចបន្តួចលើផ្ទាំងថ្ម ប៉ុន្តែក្ដួចដែលដុះនៅតាមកន្លៀតថ្ម មិនមនមើមធំ ឬមូលដូចក្ដួចដេលដុះនៅលើដីធម្មតានោះទេ មើមរបស់វាមានរាងសំប៉ែត ហើយជាផលវិបាកដល់ការជីកយកមើម ។ចំណែកឯក្ដួចដែលដុះនៅលើផ្ទាំងថ្មដែលមានដីបន្តិចបន្តួចនោះ ពុំមានមើមធំទេ ហើយជីវិតរបស់វា ក៏មិនអាចរស់បានយូរអង្វែងដែរ ។
ខ– ជីវិតក្រាំង៖ ក្ដួចជារុក្ខជាតិដែលមានដើមទោល (១ ដើម ) វាអាចកោទាំងដើម កោទាំងមើម តែគល់របស់ក្ដួចមិនអាចស្លាប់ទេ ទោះបីនៅរដូវណាក៏ដោយ ។ បើគេចង់ដាំក្ដួចគេពុំសូវយកគ្រាប់ឬ កូនក្ដួចមកដាំនោះទេ គេច្រើនតែយកគល់របស់វាទៅដាំ ព្រោះគល់របស់ក្ដួចឆាប់លូតលាស់ និងចុះមើមរហ័សជាង ការដាំកូន និងដាំគ្រាប់ ។
អ្នករករបរក្ដួចមានទំលាប់មួយ គឺក្រោយពេលគាស់មើមក្ដួចហើយ ពួកគា់ច្រើនតែយកក្ដួចនេះទៅកប់កន្លែងដើមវិញ ។ ព្រោះគល់នេះពេលរដូវភ្លៀងឆ្នាំក្រោយនឹងផ្ដល់ផលបន្តទៀត ។ គេមិនអាច យកចំណែកនៃមើមក្ដួច ណាមួយយកទៅដាំដុះទេ ។
កោរមើម ៖ មើមរបស់ក្ដួច ដល់រយៈពេលណាមួយជាកំណត់ វាត្រូវសុះអស់ ហើយវានៅតែឫសស្មេញស្មាញ ដូចជាស្មាញននោង ជាប់ជាមួយគល់របស់វា ។ បន្ទាប់មក ពេលរដូវភ្លៀងធ្លាក់ វាក៏ចាប់ផ្ដួចផ្ដើមមើមថ្មីនៅជុំវិញគល់របស់វាវិញ ។ មើមដែលកោរច្រើនលើក ច្រើនសារ ធ្វើអោយមើមក្រោយមានផលកាន់តែច្រើម ។ ការកោមើមមិនមានរយៈពេលកំណត់ច្បាស់លាស់ទេ គឺអាស្រ័យទៅលើតំបន់និងអាកាសធាតុ ។ បើអកាសធាតុក្ដៅ ឬមើមនៅននលគលលើដី មិនមានស្លឹកគ្របទេ ធ្វើអោយមើមនេះឆាប់កោ តែបើមើមដែលនៅម្លប់ក្នុងព្រៃហើយមិនជាំទឹក ធ្វើអោយការកោរមើមមានរយៈពេលយូរ ។
កោរដើម ៖ ដើមរបស់ក្ដួច ចាប់ផ្ដើមស្វិតពីចុងមកគល់នៅសល់ដើមប្រវែងប្រហែល ២ ម៉ែត្រ ពីដី វាក៏ចាប់ផ្ដើមដុះចេញនូវដើមថ្មីរុំព័ទ្ធដើមចាស់នេះ ។ ដើមរបស់ក្ដួចច្រើនកោរនៅរដូវប្រាំង ។
៤– ការស្វែងរកក្ដួច
ការរុករកមើមក្ដួចភាគច្រើនប្រជាជនរស់នៅតាមតំបន់ភ្នំ ជើងភ្នំ និងខ្ពង់រាប ។ល។ ពេលគេជួបប្រទះគ្រោះទុរ្ភឹក្ស ពួកគាត់តែងបបួលគ្នីគ្នាក្នុងគ្រួសារ ឬជាក្រុមនាំគ្នាទៅជីកមើមក្ដួចនៅតំបន់ភ្នំ ឬ តំបន់ ដែលពួកគេធ្លាប់ទៅរក ដូចជាប្រជាជននៅស្រុក គិរីវង្ស ខេត្ត តាកែវ បានអោយឈ្មោះទួលមួយថា (ព្រៃក្ដួច ) ។
ឧបករណ៍ដែលពួកគាត់យកទៅជាមួយសំរាប់រកក្ដួច គឺមាន កាំបិត ចបជីក ការុង ។
ក– ការរកក្ដួច ៖ គេស្វែងរកមើលទៅលើដើមឈើ ហើយសំឡឹងរកសន្លឹក និងដើមរបស់ក្ដួចដែលរុំព័ទ្ធតាមមែកឈើ ។ បន្ទាប់មកគេតាមដានរហូតដល់គល់របស់វា ។ នៅពេលដែលគេឃើញគល់របស់វា គេយកឈើចាក់មើមថា តើមានមើមធំ ឬ តូច តិចឬ ច្រើន ។ បើមើមនេះនៅតូចគេទៅរកផ្សេងទៀត ។
ខ– ការធ្វើក្ដួច ៖ ពេលគេយកមើមក្ដួចមកពីព្រៃ គេលាងទឹកអោយជ្រះដី ។ ក្រោយមកគេយកទៅចិតសំបកចេញ បន្ទាប់ពីចិតសំបករួច គេយកទៅលាងទឹករួច ហាន់ ឬឈូសជបន្ទះស្ដើងៗ ហើយយកទៅដាក់ក្នុងកូនពាងរួចរោយអំបិលជាស្រទាប់ៗ ហើយផ្អាប់ទុកចោលមួយយប់ ។ លុះព្រឹកឡើងគេធ្វើការស្រង់ក្ដួចចាក់ដាក់ក្នុងកញ្ជើរ ឬល្អី យកទៅសំអាតសារជាតិពុលនៅកន្លែងផ្លូវទឹកហូរ តែគេមិនអាចយកក្ដួចទៅសំអាតនៅកន្លែងដែលមានទឹកនឹង ដូចជាស្រះ ត្រពាំង ដែលគេប្រើប្រាស់ប្រចាំថ្ងៃទេ ព្រោះធ្វើអោយអ្នកដែលយកទឹកទៅប្រើប្រាស់មានគ្រោះថ្នាក់ (ពុល ) ។ ពេលគេយកក្ដួចទៅកន្លែងទឹកហូរ គេជាន់ឬជ្រាវច្របាច់ទាល់តែឃើញទឹកឡើងថ្លាហើយទុក ចោលក្នុងស្រែឬផ្លូវទឹកហូរឆ្លងកាត់ក្នុងរយៈពេលមួយយប់ មួយថ្ងៃ ។ ការទុកចោលនេះគេឧស្សាហ៍ទៅជ្រាវ ឬច្របាច់លាងពីបី ទៅបួនដង ដើម្បីអោយសារជាតិពុលហូរទៅតាមទឹក ។ ក្រោយមកគេឃើញមាន ក្ដាម ខ្យង ខ្ចៅ ត្រីចង្វារ ឬត្រីក្រឹមចូលក្នុងកញ្ជើរ ឬល្អីក្ដួចដែលត្រាំពន្លិចក្នុងទឹក ។ ពេលនោះគេសន្និដ្ឋានបានថា ក្ដួចដែលគេធ្វើកន្លងមកអស់នូវសារជាតិពុលហើយ ។ ក្រោយមកគេច្រកក្នុងការុងចងមាត់អោយជិត រួចយកទៅដាក់លើគ្រែរនាប ហើយយកដុំថ្ម ឬត្បាល់កិនម្សៅសង្កត់ពីលើដើម្បីអោយទឹកហូរស្រក់ចេញពីក្ដួច ដែលនៅក្នុងការុងប្រៀបដូចយើងកិនម្សៅអង្ករ រួចសង្កត់ច្រោះអោយអស់ជាតិទឹកនោះដែរ ។ នៅពេលស្រក់ទឹកអស់ពីការុង យើងចាក់ដាក់ចង្អេរ ឬកន្ទេលស្លឹកត្នោត រួចយកសំដិលហាលថ្ងៃអោយក្រៀម ទើបគេអាចរក្សាទុកបានយូរ ។ ប៉ុន្តែក្ដួចនៅសើមយកមកដាំបាយ មានរសជាតិឈ្ងុយឆ្ងាញ់ជាងក្ដួចហាលក្រៀម ។
ក្នុងការធ្វើក្ដួចនេះ គេហាមប្រាមចំពោះអ្នកដែលទើបសំរាលកូនរួច គឺមិនអាចមកហាន់ក្ដួច ឬ មកជ្រាវច្របាច់ក្ដួចបានទេ ព្រោះក្ដួចធ្វើអោយរមាស់ដៃ ក្លិនរបស់វាក្រពុលអាចធ្វើអោយអ្នកកូនខ្ចីទាស់បាន ។ ហេតុនេះ អ្នកដែលទើបសំរាលកូនរួច មិនអាចមកធ្វើក្ដួចបានទេ ។ ប៉ុន្តែអ្នកទើបសំរាលកូនអាចបរិភោគបាយ ឬ បង្អែមក្ដួចដោយមិនមានបញ្ហាទាស់ ឬផ្ដល់ផលប៉ះពាល់ផ្សេងៗដល់សុខភាពឡើយ ។
៥– សារប្រយោជន៍រុក្ខជាតិក្ដួច
ធ្វើចំណីអាហារ នៅពេលប្រជាជនខ្មែរជួបប្រទះ នឹងគ្រោះទុរ្ភឹក្សដោយសារទឹកជំនន់ គឺគេយកមើមក្ដួចមកធ្វើជាអាហារជំនួសបាយ ឬយកមកដាំលាយជាមួយអង្ករ ។ រុក្ខជាតិក្ដួចមិនមានតម្រូវការតែនៅពេលជួបប្រទះគ្រោះទុរ្ភឹក្សប៉ុណ្ណោះទេ ទោះបីជាសម័យដែលសម្បូរស្រូវអង្ករហើយក៏ដោយ ក៏ប្រជាជនខ្មែរ នៅតែ ទៅរកមើមក្ដួចមកជានំចំណី បង្អែមជាដើម ជាពិសេសនៅតាមតំបន់ដាច់ស្រយាលតំបន់ភ្នំ ឬតំបន់ដែលនៅឆ្ងាយពីទីផ្សារ ដូចជាបច្ចុប្បន្ននេះ នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុក គិរីវង្ស ខេត្ត តាកែវ ប្រជាជនបានទៅរកក្ដួចមកដាំបាយនឹងធ្វើជានំចំណីបានជាច្រើនបែបច្រើនយ៉ាង ព្រោះមើមក្ដួចសម្បូរដោយម្សៅសារជាតិអាមីដុង និងមានរសជាតិឈ្ងុយ ឆ្ងាញ់ថែមទៀតផង ។
ធ្វើឱសថ ទោះបីជាបច្ចុប្បន្នមានការរីកចំរើនផ្នែកខាងគីមីសាស្រ្ត ឱសថសាស្រ្ត ដែលបាននឹងកំពុងនាំចូលមកពីបណ្ដាប្រទេសជឿនលឿនមួយចំនួនលើពិភពលោក ក៏ដោយ ក៏ប្រជាជនខ្មែរយើងតែងតែមានជំនឿទៅលើឱសថបុរាណដែលផ្សំអំពី សំបក ត្រួយ ដើម ឫស វល្លិ មើម រុក្ខជាតិសម្រាប់ព្យាបាលរោគដែរ ដូចជាម្សៅមើមក្ដួច គេអាចយកមកសូនជាមួយទឹកឃ្មុំ អាចកែរោគបញ្ចុះព្រូន ផ្សះដំបៅ គ្រុនក្ដៅ គ្រុនចាស់ ។
ធ្វើម្សៅលាបមុខ កាលពីសម័យដើម គេច្រើនតែ យកម្សៅក្ដួចមកផ្សំជាមួយទឹកខ្លឹមចន្ទធ្វើម្សៅលាបមុខ សំរាប់ប្រើក្នុងពិធីផ្សេងៗ ដូចជាមានពិធីបុណ្យទាន ឬប្រើសំរាប់អ្នករបាំ អ្នកល្ខោន។ ធ្វើថ្នាំកំចាត់សត្វល្អិត ; យើងដឹងហើយថា ក្ដួចគឺជារុក្ខជាតិពុល ដូចនេះ គេអាចយកមើមក្ដួចទៅលាយផ្សំជាមួយទឹកនោម និងថ្នាំជក់ ។
សន្និដ្ឋាន
ក្នុងកាលៈទេសៈធម្មតា ក្ដួចជារុក្ខជាតិ ដែលគេមិនសូវចាប់អារ្មណ៍ប៉ុន្មានលើយ ។ ប៉ុន្តែវាដើរតួនាទីសំខាន់នៅពេលដែលស្រុកកើតទុរ្ភឹក្សអត់បាយ ។ ពេលនោះទើបគេដឹងថា រុក្ខជាតិនេះមានគុណប្រយោជន៍ មិនអន់ជាងបាយប៉ុន្មានឡើយ ។ ការស្គាល់រុក្ខជាតិក្ដួច គឺពិតជាមិនអត់ប្រយោជន៍ទេ ទោះបីវាជារុក្ខជាតិវល្លិក្ដី ក៏វាមានចំណែកក្នុងការញ៉ាំងបរិស្ថានឲ្យមានលក្ខណៈស្រស់បំព្រង ធ្វើអោយដីជក់ជាតិសើមបានយូរ និងផ្ដល់នូវអាកាសធាតុត្រជាក់ ធ្វើឲ្យអាកាសធាតុ បរិសុទ្ធ ក៏ដូចជាបង្កើតឡើងនូវទេសភាព គួរជាទីចាប់អារម្មណ៍ដងដែរ ។
មានព្រៃមានក្ដួចមានជីវិត មានព្រៃមានសត្វ បក្សាបក្សី ម្រឹគីម្រឹគា ក្ដួចផ្សារភ្ជាប់នឹងព្រៃ ដែលជាប្រភពនៃជីវិតខ្មែរ ។
ដូចនេះវាជាការសំខាន់ណាស់ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងពង្រឹងការការពារ បរិស្ថាន ដើម្បីអោយមានការអភិវឌ្ឍន៍និរន្តរភាព ។ រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានបង្កើតច្បាប់ស្ដីពីការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិដើម្បីកាត់បន្ថយ អ្វីដែលជាផលប៉ហពាល់លើបរិស្ថានធម្មជាតិ ។
No comments:
Post a Comment